- ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ក្រុងប៉ោយប៉ែត
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមនេះ ដែលបានកើតឡើងពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នាទាំងផ្នែកពុទ្ធចក្ក និងអាណាចក្ក សម្រាប់បង្កលក្ខណៈដល់ការធ្វើបុណ្យបំពេញទានរបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ដែលធ្លាប់មានអតីតកាលដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។
ឯកឧត្តមបណ្ឌិត បានបន្តថា ការរីកចម្រើនលូតលាស់នៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍យ៉ាងច្រើនលើសលប់ដល់ប្រជាពលរដ្ឋយើងជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងដោយដៃម្ខាងប្រឹងទប់ស្កាត់សង្គ្រាម ជាពិសេសការវិលមកវិញនៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹងស្តារកសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ពិតជាបានផ្តល់ឱកាសឱ្យយើងអាចកសាងឡើងវិញនូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗដែលត្រូវបានបំផ្លាញចោលអស់ក្នុងកំឡុងពេលសង្គ្រាមបង្ហូរឈាម។
ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្កក៏មិនមែនត្រឹមតែផ្តល់ផលក្នុងមជ្ឈដ្ឋានពុទ្ធចក្កប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយដល់ពិភពអាណាចក្កផងដែរ ជាពិសេសផលនៃការអប់រំប្រៀនប្រដៅផ្នែកសីលធម៌គុណធម៌ និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អសម្រាប់ការអភិវឌ្ឍសង្គមជាតិ។
ជាចុងក្រោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំពាក្យពីរសម្ដេចទាំងធ្វេ ផ្ដាំផ្ញើសួរសុខទុកដល់បងប្អូនប្រជាពលរដ្ធនៅក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យផងដែរ។
ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២។