អេហ្ស៊ីប ៖ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមសន្និសីទស្តីពី “ សកលនៃ ហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី និង ជាប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។
សន្និសីទនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម Abdel Fattah Al-SISSI ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងមានការចូលរួមពី ប្រធានទីភ្នាក់ងារសាកលវិទ្យាល័យ ប្រើប្រាស់ភាសាបារាំង សកលវិទ្យាធិការ នៃទីភ្នាក់ងារសាកលវិទ្យាល័យ ប្រើប្រាស់ភាសាបារាំង រដ្ឋមន្ត្រីអប់រំឧត្ដមសិក្សា និងការស្រាវជ្រាវ នៃប្រទេសនិយាយភាសាបារាំង មកពីប្រទេសមួយចំនួនទៀត ។
ក្នុងសន្និសីទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ លើចំណុចមួយចំនួនរួមមាន៖ ១- ការដាក់ទីតាំងសកលវិទ្យាល័យ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬការអភិវឌ្ឍកម្មវិធីសិក្សា ដែលទទួលបានសញ្ញាបត្រពីរជាមួយគ្រឹះស្ថានសិក្សាបារាំង ២- ការដាក់ទីតាំងសាលាបារាំង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ៣- កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និយាយភាសាបារាំងដើម្បីជំរុញឱ្យមានចល័តភាពធនធានសំខាន់ៗ ក្នុងគោលបំណង បង្កើតឱ្យមាន ប្រព័ន្ធឌីជីថល សម្រាប់ពហុភាសានិយម ដែលជាកត្តាជំរុញឱ្យមានការសិក្សាភាសា ៤- កិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័ន និយាយភាសាបារាំង ក្នុងការដាក់ឱ្យប្រើប្រាស់ នូវខ្លឹមសារមេរៀន សម្រាប់គ្រូបង្រៀន និងអ្នកសិក្សា៥ការលើកកម្ពស់ការ ប្រើប្រាស់ភាសាបារាំង នៅក្នុងក្រុមហ៊ុន និយាយភាសាបារាំង ៕