ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញពីភាពអស្ចារ្យនៃអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញពីភាពអស្ចារ្យនៃអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ ៖ អគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាអង្គពិធីទាំងមូល បានបញ្ជាក់ថា អគារទីស្តីការថ្មីក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ហើយបើគិតមកទល់ថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានរយៈពេល ១ឆ្នាំ ៣៦០ថ្ងៃគត់។

របាយការណ៍ដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃនេះ បែរមុខទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម ចំទន្លេធំៗទាំង៤ ដែលហៅថា ទន្លេចតុមុខ។ អគារទីស្ដីការក្រសួងមហាផ្ទៃនេះដែរ ត្រូវបានសាងសង់ក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ មានផ្ទៃដីសរុបទំហំ ៥៩.៥៣៩ម៉ែត្រការ៉េ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា អគារនេះត្រូវបានរចនាឡើងតាមបែបក្លាស៊ីកចម្រុះគ្នានៃស្ថាបត្យកម្មសម័យបុរាណខ្មែរ និងសម័យទំនើប តុបតែងដោយគ្រឿងលម្អវិចិត្រកម្មបុរាណនៃប្រពៃណីខ្មែរនិយម មានដំបូល ប្រក់ក្បឿងស្រកាលិញ មានបុស្សបុក ចំនួន ៥ តាមលំនាំប្រាសាទអង្គរវត្តកំពូលប្រាំ ដោយ អនុលោមទៅតាមសមាមាត្រនៃរូបរាងអគារ និងបានគិតគូរយ៉ាងហ្មត់ចត់នូវពន្លឺខ្យល់ធម្មជាតិ ចេញចូលប្រកបដោយផាសុកភាព ស័ក្ដិសមជាកន្លែងបម្រើការងារបែបសម័យទំនើប មានទំហំបណ្តោយ ១៥៣ម៉ែត្រ ទទឹង ៨៣ម៉ែត្រ កម្ពស់ ៩ជាន់ មានក្រឡាផ្ទៃសំណង់សរុប ១០៥.៥៤៥ម៉ែត្រក្រឡា (ដប់ម៉ឺនប្រាំពាន់ប្រាំរយសែសិបប្រាំម៉ែត្រក្រឡា) ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ចំណត ដែលអាចចតរថយន្តក្រោមអគារ។ អគារនេះមានបំពាក់ជណ្តើរយន្ត ចំនួន ១១គ្រឿង ជណ្តើរទាញ ចំនួន ២០គ្រឿង ជណ្តើរថ្មើរជើងនៅជាប់ជណ្តើរយន្ត ចំនួន ៤ទីតាំង, ជណ្តើរអគ្គិភ័យ ចំនួន ៤ និងចំណតរថយន្ត ចំនួន ៣៦០ចំណត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី បន្តទៀតថា អគារទីស្តីការក្រសួងមហាផ្ទៃទាំងមូល ត្រូវបានបំពាក់ប្រព័ន្ធគ្រប់គ្រងដែលមានមុខងារសំខាន់ៗដូចជា៖ ទី១. ប្រព័ន្ធគ្រប់គ្រងអគារ (building management system) ដែលមានមុខងារគ្រប់គ្រង និងប្រព័ន្ធបញ្ហាម៉ាស៊ីនត្រជាក់ បិទបើកខ្យល់ក្នុងអគារ ប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងអគារ ប្រព័ន្ធពន្លត់អគ្គិភ័យបិទបើកត្រង់ស្វូភ្លើង ម៉ូទ័របូមទឹក ម៉ូទ័រសម្ពាធទឹក ទូរភ្លើង(ATS) ម៉ាស៊ីនភ្លើង និងបិទបើកអំពូលភ្លើង ទី២. ប្រព័ន្ធការពារការវាយប្រហារពីខាងក្រៅ និងទី៣. ហេដ្ឋារចនាសម្ព័ន្ធបណ្តាញណេតវើក រួមមាន ៖ ប្រព័ន្ធជាប់ទំនាក់ទំនងអត់ខ្សែ ប្រព័ន្ធ ទូរស័ព្ទ ប្រព័ន្ធត្រួតពិនិត្យឧបករណ៍ដែលប្រើប្រាស់សេវាអ៊ីនធឺណិត ប្រព័ន្ធផ្តល់ព័ត៌មានកម្មវិធីប្រជុំតាមអេក្រង់ទូរទស្សន៍ ប្រព័ន្ធកណ្តឹងអគ្គិភ័យ ប្រព័ន្ធបំពងសំឡេង ប្រព័ន្ធគ្រប់គ្រងទ្វារសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងចំណតរថយន្ត ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ប្រព័ន្ធទូរទស្សន៍ ប្រព័ន្ធប្រជុំ និងសំឡេង ប្រព័ន្ធវីដេអូខល ប្រព័ន្ធបណ្តាញព័ត៌មាន ប្រព័ន្ធត្រួតពិនិត្យសព្វាវុធ ប្រព័ន្ធស្គេនអីវ៉ាន់ និងប្រព័ន្ធត្រួតពិនិត្យក្រោមយានយន្ត។

ក្នុងរបាយការណ៍ស្វាគមន៍ដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា មួយផ្នែកនៃអគារទីស្តីការក្រសួងមហាផ្ទៃនេះ ក៏នឹងត្រូវប្រើប្រាស់ជាមជ្ឈមណ្ឌលរក្សាទិន្នន័យដែលប្រមូលផ្តុំ និងរក្សាទុកគ្រប់ទិន្នន័យព័ត៌មានទាំងអស់ តាមរយៈការបំពាក់ប្រព័ន្ធ Novec សម្រាប់ការពារកុំឱ្យមានអណ្តាតភ្លើងឆាប់ឆេះនៅក្នុងបន្ទប់រក្សាទិន្នន័យប្រព័ន្ធ UPS Back Up ប្រព័ន្ធ Cooling system បំពាក់ Raise Floor ប្រព័ន្ធចាប់កំដៅ និងចាប់ផ្សែង, ប្រព័ន្ធត្រួតពិនិត្យសីតុណ្ហភាព ចាប់ ផ្សែងភ្លើង ធ្លាយទុយោទឹក ដាច់ចរន្តអគ្គិសនី ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធទ្វារសុវត្ថិភាព។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជម្រាបជូនអង្គពិធីទាំងមូលទៀតថា អគារទីស្ដីការថ្មីនៃក្រសួងមហាផ្ទៃ ត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និងសម្ភារៈការិយាល័យ តុកៅអី សមស្របសម្រាប់ប្រើប្រាស់ជារដ្ឋបាលប្រមូលផ្តុំ។ ហើយបច្ចុប្បន្នមានថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីមកពីអគ្គនាយកដ្ឋាន និងអង្គភាពឋានៈស្មើអគ្គនាយកដ្ឋាន ចំនួន ១៣, នាយកដ្ឋានជំនាញចំណុះ ចំនួន ៥២, គណៈកម្មាធិការនានា ចំនួន ៧ និងគណៈកម្មការអន្តរក្រសួង ចំនួន ៦ ដែលកំពុងបំពេញការងារក្នុងបរិវេណទីស្ដីការក្រសួង ដោយមាន ការិយាល័យសម្រាប់បំពេញការងារចំនួន ៣៩២ការិយាល័យ សាលប្រជុំតូចធំចំនួន ១៦ ដែលអាចផ្ទុកមនុស្សចន្លោះពី ១៥ ទៅ ៤៨០នាក់ សាលលៀងសាយភោជន៍ ចំនួន ១, សាលសម្ដែងសិល្បៈ ចំនួន ១, សាលថតរូបអនុស្សាវរីយ៍ និងសន្និសីទសារព័ត៌មាន ចំនួន ១, សាលពហុមុខងារ ចំនួន ១, បន្ទប់ទទួលភ្ញៀវ ចំនួន ២, បណ្ណាល័យ ចំនួន ២, បន្ទប់ពេទ្យ ចំនួន ១, សួនច្បារចន្លោះអគារ ចំនួន ៣កន្លែង និងអាហារដ្ឋាន ចំនួន ២ ចំណុះ ២៣៤នាក់។

ជាមួយនឹងរបាយការណ៍ស្វាគមន៍នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានរំលេចថា តាងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ឯកឧត្តមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើម និងស្នើអោយមានការសិក្សា ព្រមទាំងបានសម្រេចអនុញ្ញាតឱ្យមានការសាងសង់សំណង់អគាររដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ជាការិយាល័យបម្រើការងារ និងដើម្បីជាគុណប្រយោជន៍សាធារណៈទូទៅ ស័ក្តិសមជាសំណង់ស្ថាបត្យកម្មដែលរចនាឡើងសម្រាប់បម្រើឱ្យវិស័យរដ្ឋបាលសម័យទំនើប ដែលមានសុខសន្តិភាពពេញលេញក្នុងពេលបច្ចុប្បន្ន និងក៏សម្រាប់ទុកជាកេរដំណែលឱ្យមនុស្សជំនាន់ក្រោយបានប្រើប្រាស់តទៅថ្ងៃអនាគតផងដែរ៕

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *