លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
===========
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកម្លាំងនគរបាលជាច្រើននាក់ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួក។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវឧកញ្ញាអគ្គមហាឧបាសិកាសិរីករុណាបុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ កែ សួនសុភី, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង មន្ទីរ ស្ថាប័នពាក់ពន្ធ័ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ ជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យនូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ទន្ទឹមគ្នាកម្លាំងនគរបាលចរាចរណ៍ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធីឡើយ៕