ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែ កក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ដែលសម្រេចអនុវត្តន៍ន៊បាននាពេលកន្លងមក និងផែនការ ការងារដែលបំពេញនាពេលខាងមុខទៀត,
នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ចុងខែកក្កដា របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជម្រុញដល់គ្រប់ផ្នែកពាក់ពន្ធ័ ពិសេស អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ធ្វើជារបាយការណ៏ និងគម្រោងលំអិតនានា ដើម្បីដាក់ទៅប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានជម្រាបនិងសម្រេចជាគោលការណ៍ ក្នុងការត្រៀមរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំការប្រកួត តាមរយៈកិច្ចសហការជាមួយ ទូរទស្សន៍ជប៉ុន NHK ។
ចំពោះគម្រោងកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិ ជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ គ្រោងនឹងធ្វើការគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនោះ ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញដល់គណៈកម្មការជំនាញឯកសារវីដេអូ ក្រសួងព័ត៌មាន ពិនិត្យជម្រុញដល់ បណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត ផលិតនូវឯកសារស្តីពីវឌ្ឍនភាពការងាររយៈពេល ៥ ឆ្នាំ ដែលខេត្ត ក្រុង សម្រេចបាន ដើម្បីបង្ហាញនូវរាល់សមិទ្ធិផល និងស្នាដៃនានា ដែលបានអនុវត្តកន្លងមក និងបន្តទៅពេលខាងមុខបន្តទៀត ។
កិច្ចប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំ ក្រសួងព័ត៌មានដែលបានដំណើរការពេញ ១ ព្រឹក នេះ បានពិនិត្យ ពិភាក្សាផ្តាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីធ្វើអោយការអនុវត្តន៍រាល់ភារកិច្ចការងារកាន់តែមានប្រសិទ្ធភាព និងលទ្ធផលល្អបន្ថែមទៀត។
កិច្ចប្រជុំកក៏បានធ្វើការពិនិត្យការងារ ដែលអនុវត្តនាពេលកន្លងមក និងដាក់ចេញផែនការ កិច្ចការងារព័ត៌មាន សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ នាចុងខែកក្កដា និងដើមខែសីហា ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ។
នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំតាមបណ្តា អគ្គនាយក ដ្ឋាន ទាំង៥ ចំណុះអោយ ក្រសួងព័ត៌មាន រួមទាំង ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានគណ:កម្មការ អនុគណ: កម្មការ បានធ្វើរបាយការណ៏ពីវឌ្ឍនភាពការងារ សំខាន់ៗមួយចំនួន ដែលមន្រ្តី និងថ្នាក់ដឹកនាំ គ្រប់ផ្នែកគ្រប់ជំនាញ សម្រេចបំពេញនិងអនុវត្តន៍បានកាលពីពេលកន្លងនេះ ដោយបានធ្វើអោយរាល់កិច្ចការងារបានដំណើរដោយរលូន ។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំ តាមបណ្តាផ្នែកជំនាញនីមួយៗក៏បានលើកពីផែនការសកម្មភាពការងារដែល ត្រូវបន្តធ្វើសម្រាប់សប្តាហ៍បន្តបន្ទាប់ទៀតអោយបានកាន់តែល្អប្រសើរ ។ កិច្ចប្រជុំក៏បានធ្វើការពិភាក្សាគ្នាលើផែនការសកម្មភាពការងារផ្សព្វផ្សាយដែលក្រសួងព័ត៌មាន ជាអ្នកទទួលខុសត្រូវក្នុងកិច្ចការថត និងផ្សាយពីព្រឹត្តការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ។
ដើម្បីធ្វើអោយកិច្ចការងារនេះ បានដំណើរការដោយរលូននោះ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បាន បញ្ជូនមន្រ្តីជំនាញ បច្ចេកទេសដើម្បីទៅធ្វើការដកស្រង់បទពិសោធន៍ ពីរបៀប ថតផ្សព្វផ្សាយអោយបានគ្រប់ទិដ្ឋភាព នៃដំណើរការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ ឆ្នាំ២០២២ នៅក្នុងប្រទេស វៀតណាមកាលពីខែឧសភា កន្លងមកនេះ ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោលទ្ធផលការងារដែលបណ្តា អគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មាន សម្រេចអនុវត្តន៍កន្លងមកនេះ ពិសេសការខិតខំប្រឹងប្រែងរបស់ អគ្គនាយកដ្ឋានផ្សព្វផ្សាយទាំង ៣ គឺ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលផ្សព្វផ្សាយបាន យ៉ាងទូលំទូលាយនូវរាល់ព្រឹត្តការណ៏សំខាន់ៗ និងកម្មវិធីជាច្រើនទៀត បានទូលំទូលាយ ។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ បន្តផលិតកម្មវិធីថ្មីៗ និងផ្សាយនូវរាល់ព្រឹត្តការណ៍ថ្មីៗ ទាន់ហេតុការណ៍ ពិសេសព្រឹត្តការណ៍របស់ជាតិ សង្ខេបខ្លីៗ ដើម្បីផ្សព្វផ្សាយអោយសារណៈជន បានដឹងទាន់ពេលវេលា ។ ជាងនេះទៅទៀតផ្សាយពី សារសំខាន់របស់ បេឡាជាតិសន្តិសុខសង្គម បសស ដើម្បីអោយ កម្មករ និយោជិត យល់ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលខ្លួននិងទទួលបាន ជាពិសេស នៅពេលចូននិវត្តន៍ពីការងារ ដែលប្រវត្តុិសាស្រ្តដំបូងរបស់កម្ពុជា ដែលកម្មករ កម្មការិនី រោងចក្រ មានប្រាក់ចូលនិវត្តន៍ ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រុញអោយគណ:កម្មការ ព័ត៌មាន និង ផ្សព្វផ្សាយ នៃក្រសួងព័ត៌មាន ត្រូវធ្វើកិច្ចសហការអោយបានជិតស្និតជាមួយ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAMSOC ដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយ ពីដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕