សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចូលជួបសម្ដែងការគួរសម

នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកជំទាវ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសមក្នុងឱកាសដែលប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាងនាមឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត និងការរៀបចំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាបនាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានសូមគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននេះ ទទួលបានជោគជ័យ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ប្រតិភូទាំងមូលដោយក្ដីរីករាយ ជាមួយប្រសាសន៍ថា កម្ពុជា បានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ។ កម្ពុជា បានបើកប្រទេសឡើងវិញ បានបើកកិច្ចប្រជុំផ្ទាល់នេះ សបញ្ជាក់ឲ្យឃើញថា កូវីដ-១៩ មិនមែនជាបញ្ហាទៀតនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា អ្វីជាបញ្ហានៅពេលនេះ គឺភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច សង្គ្រាមនៅអ៊ុយក្រែយជាបញ្ហាមួយ ប៉ុន្តែភាពច្របូកច្របល់ផ្នែកសេដ្ឋកិច្ចជាបញ្ហាមួយទៀត ដែលបង្កឡើងដោយការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ដោយទណ្ឌកម្មទាំងអស់នោះ មិនប៉ះពាល់តែសេដ្ឋកិច្ចនៅអឺរ៉ុបប៉ុណ្ណោះទេ គឺប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសកម្ពុជាផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយក្នុងកាលៈទេសៈនេះ បានរំលេចចេញនៅកាលានុវត្តភាពខាងសេដ្ឋកិច្ច ពីការកើនឡើងលើវិស័យពាណិជ្ជកម្មក្នុងតំបន់ ជាអាទិ៍ពាណិជ្ជកម្មរវាងកម្ពុជានិងវៀតណាម ពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយប្រទេសក្នុងតំបន់មួយចំនួនទៀត មានការកើនឡើង ក្នុងន័យនេះ សម្ដេចតេជោ បានផ្ដល់ឱ្យប្រតិភូទាំងមូលនូវអនុសាសន៍ឲ្យមានការពង្រីកបន្ថែមនៃការធ្វើពាណិជ្ជកម្មនៅក្នុងក្របខណ្ឌអាស្តា ដែលជាពាណិជ្ជកម្មបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត រួមទាំងក្នុងក្របខណ្ឌ អាស៊ឹម (RCEP) ផងដែរ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *