ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអាជីវករក្រៅប្រព័ន្ធ ក្នុងខេត្តបាត់ដំបង

ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអាជីវករក្រៅប្រព័ន្ធ ក្នុងខេត្តបាត់ដំបង
……………..
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល ផ្តល់ស្បៀងអាហារជាអំណោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនពលរដ្ឋ ចំនួន ១៥០គ្រួសារ និងពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករក្រៅប្រព័ន្ធ ក្នុងក្រុងបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្រុមការងារ ស.ស.យ.ក. ខេត្តបាត់ដំបង ដែលបានរៀបចំពិធីសំណេះសំណាលដើម្បីស្វែងយល់អំពីសុខទុក្ខរបស់បងប្អូនអាជីវកក្រៅប្រព័ន្ធក្នុងក្រុមបាត់ដំបង ។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ដោយសារការសម្របសម្រួលខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី របស់បងប្អូនប្រជាជនទូទៅ និងការបើកដំណើរការគ្រប់អាជីវកម្មឡើងវិញ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្យាករណ៍ថា ឆ្នាំ២០២២ នេះ កំណើនសេដ្ឋកិច្ចកម្ពុជា អាចរំពឹងថាសម្រេចបានក្នុងរង្វង់ ៥.៤% និងជាង ៦% ក្នុងឆ្នាំ២០២៣។ ក្នុងន័យនេះ សហគ្រាសធុនតូច និងមធ្យម ក៏មានការរួមចំណែកពីបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់ ដែលបាន និងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ទោះបីជាផ្នែកនេះ ធ្លាប់បាន និងកំពុងរងគ្រោះដោយសារចំហាយនៃវិបត្តិកូវីដ-១៩ ក្តី។

ជាមួយគ្នានេះផងដែរឯកឧត្តម ស សុខា ក៏មានប្រសាសន៍ផ្ដាំផ្ញើដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនអាជីវករទាំងអស់ក្នុងក្រុងបាត់ដំបង បន្តយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួន ដូចខាងក្រោម ៖

១. សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យឲ្យបានគ្រប់ពេលវេលា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលក្រសួងសុខាភិបាល បានដាក់ចេញនាពេលកន្លងមក សំដៅទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ផង និងសុខមាលភាពរបស់ខ្លួន ព្រមទាំងក្រុមគ្រួសារផង។

២. សូមបងប្អូនអាជីវករទាំងអស់ យកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ កុំលក់ចំណីអាហារណាដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ផលិតផលក្លែងក្លាយ និងប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលអាចនាំឲ្យគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក៏ដូចជាខាតបង់ថវិកា ស្របពេលដែលបងប្អូនប្រជាពលរដ្ឋរបស់យើង បាន និងកំពុងរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ គ្រោះទឹកជំនន់ រួមទាំងការឡើងថ្លៃនៃប្រេងឥន្ធនៈ ដោយសារវិបត្តិសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែន ស្រាប់ហើយនោះ។

៣. ក្រុងបាត់ដំបង ឋិតក្នុងចំណោមទីក្រុងចំនួន ៣ របស់កម្ពុជា ដែលទទួលបានជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទីបី សុពលភាពឆ្នាំ២០២២-២០២៤ ។ ក្នុងន័យនេះឯកឧត្តម ក៏បានអំពាវនាវឱ្យបងប្អូនអាជីវករទាំងអស់ បន្តចូលរួមថែរក្សាបរិស្ថាន ក៏ដូចជាសោភ័ណភាពនៅតាមដងផ្លូវ នៅតាមទីផ្សារនានា តាមរយៈការយកចិត្តទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងកុំសាងសង់សំយាប ឬតូបលក់លយមកលើចិញ្ចើមផ្លូវ ដែលអាចនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់របៀបរៀបរយ រួមនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

៤. ចំពោះអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬក៏ដល់អាយុឈ្បោះឆ្នោត ឬក៏មានសមាជិកគ្រួសារ ត្រូវចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារឲ្យបានរួចរាល់សម្រាប់ចុះឈ្មោះ តាមឃុំ សង្កាត់ រៀងៗខ្លួនឲ្យបានមុនថ្ងៃទី៨ ខែធ្នូឆ្នាំ២០២២ ដើម្បីអាចចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *