ឯកឧត្តម ស សុខា ដឹកនាំប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ឯកឧត្តម ស សុខា ដឹកនាំប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
…………….
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការកំណែទម្រង់ការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៥ ធ្នូ ២០២២ តាមប្រព័ន្ធវីដេអូ Zoom ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្នុងន័យដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យមានការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងការលើកកម្ពស់គុណភាពអប់រំ ក្នុងគោលដៅចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណដល់អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ដែលបានគាំទ្រទាំងស្មារតី និងធនធានថវិកា ជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក បើទោះជាក្នុងរយៈពេលកន្លងមកនេះនៅគ្រប់ភូមិសិក្សា មិនថាកម្រិតបឋមសិក្សា ឬមធ្យមសិក្សា ទាំងរដ្ឋ និងឯកជន ត្រូវបានបិទដោយសារបញ្ហាកូវីដ-១៩ ជាង២ឆ្នាំកន្លងមកនេះ ។ ក្នុងនោះមានការបង្រៀនតាម Online រៀនពីចំងាយតាមរយៈឯកសារ និងស្វ័យសិក្សា។

ឯកឧត្តម ស សុខា ប្រធានអង្គប្រជុំ ក៏បានផ្តាំផ្ញើដល់គ្រប់ភាគីពាក់ព័ន្ធក្នុងការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៥ ធ្នូ ២០២២ ទាំងអស់ មិនត្រូវធ្វេសប្រហែស ពោលគឺត្រូវពង្រឹងការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងការថែរក្សាសុខភាព អនាម័យ ព្រមទាំងរៀបចំបំពាក់ឧបករណ៍សម្ភារៈប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ សំដៅការពារដល់អ្នកមានភារកិច្ចនៅតាមមណ្ឌលប្រឡង រួមទាំងបេក្ខជនចូលរួមប្រឡង និងភាគីពាក់ព័ន្ធដទៃទៀត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើយ៉ាងណាឱ្យការប្រឡងដំណើរការបានទៅដោយរលូន ជោគជ័យ សុក្រិត និងយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ត្រូវទាមទារជាចាំបាច់នូវការចូលរួមសហការ និងយកចិត្តទុកដាក់ខ្ពស់ពីភាគីមួយចំនួន ដូចជា ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីអប់រំយុវជន និងកីឡារាជធានី ខេត្ត កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងភាគីដទៃទៀត ដោយដាក់ចេញនូវយន្តការច្បាស់លាស់ទៅលើការងាររដ្ឋបាល បច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសុខភាព ព្រមទាំងការចូលរួមពីសំណាក់គណៈមេប្រយោគ គណៈកម្មការនានា បេក្ខជនប្រឡង អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋទូទៅផងដែរ។

បើតាមរបាយការណ៍ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី ប្រធានគណៈគ្រប់គ្រងកិច្ចការប្រឡង ក្នុងឆ្នាំសិក្សា២០២១-២០២២ សម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ បេក្ខជនបានចុះឈ្មោះប្រឡង រួមមាន ៖ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត ថ្នាក់វិទ្យាសាស្រ្តសង្គម ចំណេះដឹងទូទៅ បេក្ខជនស្វៃរិន បេក្ខជនបំពេញវិជ្ជា បេក្ខជនស្វៃរិន-បំពេញវិជ្ជា បេក្ខជនភាសាអង់គ្លេស និងភាសាបារាំង សរុបទូទាំងប្រទេស មានចំនួន ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់ និងត្រូវបានកំណត់ ចំនួន ២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ។ ចំណែកមណ្ឌលប្រឡង មានចំនួន ២២១ នៅទូទាំងប្រទេស បើធៀបទៅនឹងឆ្នាំសិក្សា ២០២០-២០២១ គឺកើនឡើង ១៧មណ្ឌល ត្រូវជា ៥,១៧៤បន្ទប់ ។ ក្នុងនោះចំនួនមណ្ឌលថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៧៦មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១៤៥មណ្ឌល និងធ្វើការបែងចែកជា ៣ គឺ មណ្ឌលធំ មណ្ឌលមធ្យម មណ្ឌលតូច ទៅតាមទីតាំងភូមិសាស្រ្ត និងចំនូនបេក្ខជន។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អធិការរង នៃអគាធិការដ្ឋាន និងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡា អភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកការងារអប់រំ សន្តិសុខ សណ្តាប់ធ្នាប់ ស្នងការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធាន ស.ស.យ.ក. រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត៕

អត្ថបទ ៖ សេង បូលីន

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *