ឯកឧត្តម ស សុខា ប្រគល់ម៉ូតូ ជូនដល់សិស្សប្រឡងជាប់និទ្ទេស A និងចែកអំណោយជូនពលរដ្ឋ ៥០០គ្រួសារ នៅខេត្តបាត់ដំបង
បាត់ដំបង៖ រសៀលនេះថ្ងៃទី ៣០ មករា ២០២៣ ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចូលរួមជាអធិបតីពិធីប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៥៤នាក់ ទូទាំងខេត្តបាត់ដំបង ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្រុងបាត់ដំបង ។
ថ្មីៗនេះ ឯកឧត្តម ចិត្តសប្បុរស ស សុខា បានផ្តល់អាហារូបករណ៍ ជាច្រើនកន្លែង ជាច្រើនជំនាញ ទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ចំពោះអាហារូបករណ៍នេះ បណ្ឌិត អាំងសិរីពិសិដ្ឋ ប្រធានអាហារូបករណ៍ ស សុខា បានប្រកាសបញ្ជីរាយនាមសិស្ស-និស្សិតជាច្រើនបញ្ជី សម្រាប់សិស្ស-និស្សិតចូលសិក្សាជាច្រើនគ្រឹះស្ថាន សម្រាប់ឆ្នាំ២០២២-២០២៣នេះរួចមកហើយ។
សូមបញ្ជាក់ថា ឯកឧត្តម ស សុខា បានកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពមន្រ្តីក្រោមការដឹកនាំ ការផ្តល់ទស្សនៈទាន និង បរិច្ចាកទាន -ល- ដល់ជនក្រីក្រ និងសិស្ស-និស្សិត ទូទាំងប្រទេស។