សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរ​ទិវាជាតិ ទីក្រុងស្អាត លើកទី១១

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរ​ទិវាជាតិ ទីក្រុងស្អាត លើកទី១១

សៀលថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតី ក្នុង​ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ”។

ទិវានេះ ប្រារព្ធឡើង អមជាមួយពិធីប្រគល់ជ័យលាភី ទីក្រុងស្អាត លើកទី៣ ដល់ទីក្រុង​ជាប់ចំណាត់ថ្នាក់។ ពិធីនេះ ធ្វើឡើង​ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។​​

សម្តេចតេជោ​ ហ៊ុន សែន បានមានប្រសាសន៍ថា សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ល្អបរិបូរណ៍ពេលបច្ចុប្បន្ននេះ គឺជាមូលដ្ឋានដ៏រឹងមាំគាំទ្រដល់ការអភិវឌ្ឍន៍ និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយផ្តល់នូវកាលានុវត្តភាពយ៉ាងធំធេងដល់ការកសាងអនាគតកម្ពុជាប្រកបដោយភាពរុងរឿង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិស័យទេសចរណ៍នៅតែជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ។ ក្នុងនោះឆ្នាំ២០២២ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២លាននាក់ កើនឡើង ១០៥៩ភាគរយ ធៀបឆ្នាំ២០២២។សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាត្រូវគិតគូរលើការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍន៍ ដើម្បីឆ្លើយនឹងការវិវត្ត និងនិន្នាការនៃការអភិវឌ្ឍន៍ថ្មីៗ។សម្ដេចបន្តទៀតថា ចលនាប្រលងប្រណាំងទីក្រុងស្អាត គឺជាយន្តការវាយតម្លៃ និងជាការក្រើនរំលឹកដល់រដ្ឋបាលដែនដី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អំពីសារៈសំខាន់នៃការអភិវឌ្ឍបៃតង ដោយរក្សាតុល្យភាពនៃការអភិវឌ្ឍន៍ និងការអភិរក្សា លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។ការអនុវត្តចលនាប្រលងប្រណាំងទីក្រុងស្អាត បានចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើនិរន្តរភាពនៃសម្បត្តិធនធានវប្បធម៌ ធម្មជាតិ និងបរិស្ថាន នៅតាមបណ្តាទីក្រុង និងទីប្រជុំជន ព្រមទាំងជួយបង្កើនភាពទាក់ទាញ និងធានាចីរភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ថែមទៀត។

សម្តេ​ចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ» សម្រាប់ទិវាជាតិទីក្រុងស្អាតនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងដែលមានភាពទាក់ទាញគួរឱ្យចង់ទស្សនាកម្សាន្ត និងស្នាក់នៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាទីក្រុងដែលស្អាត មានបរិស្ថានល្អ ធានាបាននូវសន្តិសុខ សុវត្ថិភាព ផ្តល់បដិសណ្ឋារកិច្ចល្អ ភាពរួសរាយរាក់ទាក់ជាមួយនឹងភាពជាម្ចាស់ផ្ទះ ដែលផ្តល់នូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ។ សម្តេចតេជោជំរុញឲ្យប្រជាពលរដ្ឋត្រូវបង្កើនការយល់ដឹងពីតម្លៃអនាម័យ និងបរិស្ថាន
ព្រោះជាមុខមាត់របស់ប្រទេសយើង។ សម្តេចតេជោបានមានប្រសាសន៍ ថា រយៈពេលប្រមាណ ២៣ឆ្នាំហើយ កម្ពុជាមិនកើតមានជំងឺចុះក្អួតក្រោយទឹកជំនន់នោះទេ ដែលនេះការស្តែងឱ្យឃើញពីភាពប្រសើរនៃសុខភាពប្រជាពលរដ្ឋ តាមរយៈការរស់នៅប្រកបដោយអនាម័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចលនា «ភូមិស្អាត ស្រែល្អ» ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីពេលមុន គឺជាចលនាលើកកម្ពស់ការរស់នៅស្អាតរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ។
សម្តេចតេជោបានណែនាំឱ្យជំរុញការអភិវឌ្ឍន៍បៃតងនៅតាមបណ្តាក្រុង ខណ្ឌ រាជធានី ខេត្ត នៅទូទាំងប្រទេសតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ដោយត្រូវជំរុញការរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ដោយរួមបញ្ចូលទាំងទិដ្ឋភាព នគរូបនីយកម្ម ប្រជាសាស្ត្រ ទេសចរណ៍ បរិស្ថាន សេដ្ឋកិច្ច និងសង្គម។
សម្តេចតេជោបានណែនាំឱ្យបន្តអភិវឌ្ឍទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ដែលមានលក្ខណៈប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច​ ភាពទាក់ទាញ ផ្នែកទេសចរណ៍ បរិស្ថានប្រកបដោយចីរភាព និងការទទួលខុសត្រូវសង្គម ដើម្បីលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជនប្រកបដោយ សុខុមាលភាព សុវត្ថិភាព សន្តិសុខ វិបុលភាព ភាពធន់ និងផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ សម្តេចតេជោ ចង់ឃើញសណ្ឋាគារ និងអាហារដ្ឋាននានា ក្លាយទៅជាប្រភពទីផ្សារសម្រាប់កសិផលរបស់ខ្មែរ និងបានណែនាំឱ្យក្រសួងទេសចរណ៍ដាក់បញ្ចូលលក្ខខណ្ឌនៃការប្រើប្រាស់កសិផលខ្មែរ សម្រាប់ការវាយតម្លៃសណ្ឋាគារនានា។ សម្តេចតេជោបានណែនាំឱ្យបន្តលើកកម្ពស់ការអភិវឌ្ឍន៍ទីក្រុង ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងលើកស្ទួយ «វិស័យទេសចរណ៍ជាការនាំចេញនៅនឹងកន្លែង» តាមរយៈការបង្កើនអន្តរកម្មខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍ ជាមួយវិស័យគាំទ្រពាក់ព័ន្ធ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្មច្នៃប្រឌិត និងផលិតកម្មក្នុងស្រុក ដើម្បីបង្កើនលទ្ធភាពនៃការបែងចែកផ្លែផ្កានៃកំណើនតាមរយៈការអភិវឌ្ឍន៍វិស័យទេសចរណ៍។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យរួមគ្នាថែរក្សាធនធានធម្មជាតិ រួមមានព្រៃឈើ និងសត្វព្រៃ សម្រាប់ទាក់ទាញទេសចរណ៍។សម្តេចតេជោ បានសម្តែងនូវក្តីរីករាយ ដែលក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក យកគំនិតផ្តួចផ្តើមរបស សម្តេច «ឆ្នេរសមុទ្រដែលស្អាត គឺឆ្នេរគ្មានប្លាស្ទិក» ដាក់ក្នុងលក្ខខណ្ឌវាយតម្លៃរបស់ខ្លួន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់ លំដាប់ ថ្នាក់ កងកម្លាំងប្រដាប់អាវុធវិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ ព្រះអង្គ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុនឯកជន រោងចក្រ និងជនរួមជាតិទាំងអស់មេត្តាបន្តផ្តល់នូវការគាំទ្រ និងចូលរួមអនុវត្តឱ្យបាន ផុលផុស ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព ភាព ស្អាត និងបៃតងនិងភាពទាក់ទាញខ្ពស់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស័ក្តិសមនឹងកិត្តិនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ»៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *