​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​

នៅ​ព្រឹក​ថ្ងៃអាទិត្យ ២​កើត ខែ​ចេត្រ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ ស្ថិតនៅក្នុង​ឃុំ​ព​ពេល និង​ឃុំ​តា​យ៉ែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​អាមេរិក​។ អាកាសយានដ្ឋាន​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២០ ហើយ​គ្រោង​ប្រើ​រយៈពេល​សាងសង់​សរុប​ចំនួន ៣៦​ខែ ឬ ៣​ឆ្នាំ ដោយបាន​ប្រើប្រាស់​កម្មករ​ប្រមាណ​ជាង ១,០០០​នាក់ ក្នុងនោះ ៧០​ភាគរយ​ជា​ពលករ​ខ្មែរ​។ តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២៣ និង​ដំណើរការ​សាកល្បង ជា​លើកដំបូង​នៅ​ខែ​តុលា ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​ការសាងសង់​សម្រេច​បាន​ប្រមាណ ២២​ភាគរយ នៃ​ផែនការ​សរុប​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​សំណើរ​ការសាងសង់​អាកា​ស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​សម្រេចបាន​លទ្ធផល​គួរអោយកត់សម្គាល់​នាពេលនេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេល​ដែល​កម្ពុជា​ប្រកាស​ពី​តារា​រះ​នា​ទិសឧត្ត​រហើយ ពីព្រោះ​បច្ចុប្បន្ន​យើង​មាន​តារា​រះ​នា​ទិសនិរតី​រួចហើយ ដូច្នេះ​នៅ​ថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រកាសថា តំបន់​ភូមិភាគ​នេះ​ជា​តារា​រះ​នា​ទិសឧត្តរ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថ្លែ​នូវ​ការកោតសរសើរ​ចំពោះ​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​បាន​បន្ត​មាន​វឌ្ឍនភាព ទោះបី​ស្ថិត​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ជា​គម្រោង​ដ៏​ធំ​មួយ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច និង​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​។​

​សម្តេច​តេ​ជោនា​យករ​ដ្ឋ​បាន​ថ្លែងថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​អង្គរ​នេះ គឺជា​ចម្ងាយ​មួយ​ធានា​ដល់​សុវត្ថិភាព​របស់​ប្រាសាទ​អង្គរ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ភាពចាំបាច់​នៃ​ការសាងសង់​អាកាសយានដ្ឋាន​ថ្មី​នេះ គឺ​ដោយសារ​អាកាសយានដ្ឋាន​បច្ចុប្បន្ន មិន​អាច​ទទួល​យន្តហោះ​ខ្នាត​ធំ​បាន​នោះឡើយ​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ​នឹង​អាច​ទទួលបាន​ការហោះហើ​យ​យន្តហោះ​គ្រប់​កម្រិត​។ សម្តេច​តេ​ជោបាន​មាន​ប្រសន៍ថា ចិន​បាន​យក​ថវិកា​មក​វិនិយោគ​បង្កើត​អាកាសយានដ្ឋាន នៅទីនេះ ហើយ​៥០​ឆ្នាំក្រោយ នឹង​ប្រគល់​មក​អោយ​រាជរដ្ឋាភិបាល​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា សូម​កុំអោយ​មាន​ការភ័ន្តច្រឡំ​ថា ការវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ផ្តល់​ប្រយោជន៍​ត្រឹមតែ​ជនជាតិ​ចិន ព្រោះ​នៅពេល​ខាងមុខ​កម្ពុជា​ត្រូវ​ទទួល​អ្នកទេសចរ​ក្នុង​ទំហំ​កាន់តែ​ធំ​។ ម្យ៉ាង​វិញ​តាម​ដើម​រយៈ​គម្រោង​ការសាងសង់​អាកាសយានដ្ឋាន​នេះ​ក៏បាន​ផ្ដល់​ការងារ​ធ្វើ​ដល់​កូន​ខ្មែរ​ជាច្រើន​នាក់ អាច​ទទួលបាន​នូវ​ប្រាក់ខែ​សមរម្យ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​របស់​ពួកគេ​ទៀតផង​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា កាលពី​ឆ្នាំ​២០១២ សម្តេច​ចង់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​សៀមរាប តែ​ដោយសារ​តែ​ព្រលានយន្តហោះ​ខេត្តសៀមរាប មិន​អាច​ឱ្យ​យន្តហោះ​ធំៗ​របស់​មេដឹកនាំ​ប្រទេស​ដៃគូ​អាច​ចុះចត​បាន​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ព្រលាន​យន្ត​អន្តរជាតិ​សៀមរាប​-​អង្គរ នឹង​ជំរុញ​ឱ្យមាន​ការអភិវឌ្ឍ​នៅ​តំបន់​ជុំវិញ​នេះ ជា​ពិសេស​នឹង​បង្កើត​ជា​កូន​ទីក្រុង​នៅ​ទីនេះ​ទៀត​ផង​នាពេលខាងមុខ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​សាងសង់ ក៏ដូចជា​កម្មករ បុគ្គលិក​ទាំង​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​ទាំងអស់ ដែល​បាន​ខិតខំ​ក្នុង​ដំណើរការ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​នេះ ទោះបីជា​ជួប​នូវ​វិបត្តិកូ​វីដ​-១៩​យ៉ាងណាក៏ដោយ និង​សូម​បន្ត​ការខិតខំ​ជា​បន្ត​ទៀត និង​ជូនពរ​អោយ​សម្រេច​លទ្ធផល​ទៅ​តាម​ការគ្រោងទុក​នាពេល​ខាងមុខ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *