សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ ជា​អំណោយ​របស់​ប្រទេស​អ៊ីតាលី

រាជធានី​ភ្នុំពេញ​៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ៩​រោច ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​-​ទទួល អំណោយ​វ៉ាក់សាំង Covid 19 ចំនួន ១​លាន​៥​ម៉ឺន​៦​ពាន់​ដូស ដែលជា​អំណោយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ីតាលី​។​

​ពិធី​ប្រគល់​ទទួល​អំណោយ​វ៉ាក់សាំង​នេះ ត្រូវ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ដោយ​មាន​ការចូលរួម​ពី​អគ្គរដ្ឋទូត​នៃ​ប្រទេស​អ៊ីតាលី​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។ ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​នូវ​ភាពជោគជ័យ​ចំពោះ​ការ​ទប់ស្កាត់​ការចម្លង​រាលដាល​នៃ​ជំងឺ Covid 19 ។ ប្រទេស អ៊ីតាលី ពិតជា​រីករាយ​ក្នុង​ការផ្ដល់​នូវ​អំណោយ​វ៉ាក់សាំង​នេះ ដើម្បី​រួមចំណែក​ជាមួយ​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវី​ដ​19 បន្ថែមទៀត ជាពិសេស​ក្នុង​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​និង​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​អ៊ីតាលី​ដែល​បាន​ផ្ដល់​វ៉ាក់សាំង​មក​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នៅពេលនេះ​។ តាមរយៈ​វ៉ាក់សាំង​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ធ្វើឲ្យ​កម្ពុជា​សម្រេចបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​19 ជាពិសេស​ឈានទៅដល់​ការបើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ តាំងពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ មក ហើយ​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ កម្ពុជា​បាន​បោះជំហាន​ទៅមុខ​បន្ថែមទៀត​ក្នុង​ការរស់នៅ​ជាមួយ​នឹង​កូវី​ដ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ដោយ​រាជរដ្ឋាភិបាល​បាន​លុបចោល​នូវ​លក្ខខណ្ឌ​តម្រូវ​ទាំង​អស់​សម្រាប់​អ្នកដំណើរ​ពី​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ក្នុង​គោលដៅ​ស្ដារ​វិស័យ​ទេសចរណ៍​ដែល​ជា​វិស័យ​ចំបង​ចុងក្រោយ​ដែល​មិន​ទាន់​ត្រូវ​បាន​ស្ដារ និង​ងើប​ឡើងវិញ​។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ដាក់ឲ្យ​អនុវត្ត​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​គន្លង​ប្រក្រតីភាព​ថ្មី​សម្រាប់​ឆ្នាំ​១០២១-២០២៣ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច សំដៅ​ស្ដារ និង​ជំរុញ​កំណើន បង្កើត​ភាព​ធន់​សង្គម​សេដ្ឋកិច្ច​កម្ពុជា និង​ឈាន​ទៅ​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដែល​ជា​ជំរុញ​បន្ថែមទៀត ដើម្បី​បង្កើន​ភាពស៊ាំ​នៅក្នុង​សហគមន៍​របស់​យើង​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បើ​មាន​ប្រសាសន៍ថា សម្តេច​មាន​បំណង​ចង់​ដក​បំរាម​ការពាក់​ម៉ាស់​នៅ​ទីសាធារណៈ ប៉ុន្តែ​នៅ​ទី​បិទ​ដែល​ជិត​នៅតែ​បន្ត​ពាក់​ម៉ាស់​ដដែល ប៉ុន្តែ​ការសម្រេច​នេះ នឹង​រង់ចាំ​កិច្ចប្រជុំ​ពិសេស​នៅ​ថ្ងៃនេះ​សិន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹង ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​។

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ការ​ដែល​សម្ដេច​មាន​បំណង​ចង់​ដក​បំរាម​ការពាក់​ម៉ាស​តាម​ទី​សាធារណៈ​នេះ គឺ​ក្នុង​គោលបំណង​កាត់បន្ថយ​ការចំណាយ​ទៅលើ​ការទិញ​ម៉ាស របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ពីព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ យើង​ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើនណាស់​ទៅលើ​ការទិញ​ម៉ាស​នេះ​។ ដូច្នេះ​នេះ គឺជា​ការរួមចំណែក​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ប្រទេសជាតិ​ឡើងវិញ​ផង​ដែរ​ក្រោយពី​ប្រទេស​យើង​បាន​ដាក់ចេញ​នូវ​វិធានការ​ជា​បន្តបន្ទាប់ ក្នុង​ការប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ បាន​ជោគជ័យ ជាពិសេស​ការចាក់​ស្រោច​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ដ៏​ច្រើន​លើសលប់​នោះ​។

​ដូច្នេះ សម្ដេច​តេ​ជោក៏​នៅតែ​បន្ត​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​៣ សូម​អញ្ជើញ​ទៅ​ចាក់​ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ និង​ឈាន​ទៅដល់​ការ​លុប​នូវ​កាតព្វកិច្ច​នៃ​ការពាក់​ម៉ាស​នៅតាម​ទីសាធារណៈ នាពេល​ខាងមុខ​នេះ​ផង​ដែរ​៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *