រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

រសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា

នៅសៀលថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះប្រារព្ធធ្វើ​ឡើង​នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា។

ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាតបូកសរុបការងារ​ឆ្នាំ​ចាស់ ឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២២-២០២៣ កាល​ពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។ សន្និបាតរបស់ក្រសួងអប់រំ យុវជន និងកីឡានៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «បរិវត្តកម្ម នៃវិស័យអប់រំ»។

ឆ្លើយតប​ទៅ​នឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ ព្រមទាំងឆ្លើយតបនឹងក្របខណ្ឌ​គោលនយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះ សន្និបាតអប់រំ​នៅឆ្នាំនេះ បានសម្រិតសម្រាំងខ្លឹមសារ និងជ្រើសរើសយកប្រធានបទសំខាន់ៗ​ចំនួន១១ រួមមាន៖ ទី១) ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣, ទី២) ការគាំពារ និងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣) វិធានការស្តារការ​ខា​ត​បង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤) ការអប់រំបរិស្ថានបៃតង, ទី៥) កំណែទម្រង់សាលារៀន, ទី៦) កំណែទម្រង់សាលាគរុកោសល្យ, ទី៧) ការ​គ្រប់​គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨) ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩) អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត, ទី១០)បំណិនសតវត្សរ៍ទី២១សម្រាប់យុវជន, និងទី១១) ការលើកកម្ពស់សុខភាពសិក្សា។

គោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះ ក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំ ក្នុងរយៈពេល ១០ ឆ្នាំកន្លង​ទៅនេះ ជាពិសេសការអនុវត្តកំណែទម្រង់សាលារៀន និងគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំ និងដាក់ចេញនូវរបៀបវារៈបន្តកំណែ​ទម្រង់វិស័យ​អប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោតលើសមិទ្ធកម្ម ជាពិសេស ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអប់រំទាំងមូល។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង 3 រសៀល៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *