នាព្រឹកថ្ងៃចន្ទ ទី ០៩ខែឧសភា ឆ្នាំ ២០២២នេះ ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តម PHAM ANH TUAN (ហ្វាម អាញ់ទន់)អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងទូរគមនាគម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម..

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តម លី វ៉ាន់ហុង បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មានវៀតណាម ដែលបានរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា និងផ្ដល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនាពេលនេះ ដើម្បីចូលរួមដកស្រង់បទពិសោធន៍អំពីការរៀបចំព្រឹត្តិការណ៍ SEAGAMES និង PARAGAMES របស់ប្រទេសវៀតណាម ដែលនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី ១២ ឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
ឯកឧត្តមប្រធានគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា បានជម្រាបជូននូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ជូន ឯកឧត្តម NGUYEN MANH HUNG(ង្វៀន ម៉ាច់ហ៊ុង)រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម។
នៅក្នុងជំនួបពិភាក្សានាឱកាសនោះ ឯកឧត្តម លី វ៉ាន់ហុង បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលក្នុងរយៈកាលកន្លងទៅបានជួយរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីវ័យក្មេងក្រសួងព័ត៌មាន ក៏ដូចជាអ្នកកាសែតកម្ពុជាបានជាច្រើនរូបនាពេលកន្លងទៅ។ បើទោះបីជាសកម្មភាពកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរត្រូវបានអាក់ខានដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកលក៏ពិតមែន ប៉ុន្តែភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈស្ដីពីផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១ ២០២៥ ហើយក៏សង្ឃឹមថាក្រោយពីប្រទេសទាំងពីរចាប់ផ្ដើមបើកដំណើរការឡើងវិញក្រោយវិបត្តិកូវីដ១៩ នោះ ក្រសួងយើងទាំងពីរនឹងបន្តឡើងវិញនូវសកម្មភាព និងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរគណៈប្រតិភូ និងបើកវគ្គបណ្ដុះបណ្ដាលនានា ពិសេសគឺការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត។
លើសពីនេះ ឯកឧត្តមប្រធានគណៈប្រតិភូព័ត៌មានកម្ពុជា បានស្នើដល់ភាគីវៀតណាម ឱ្យជួយចែករំលែកបទពិសោធជុំវិញការរៀបចំព្រឹត្តិការណ៍ SEAGAMES ដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះចំនួន ២លើករាប់ទាំងឆ្នាំ២០២២នេះ ដោយសារនៅឆ្នាំ២០២៣ ខាងមុខ កម្ពុជានឹងធ្វជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEAGAMES លើកទី ៣២។

ជាការឆ្លើយតប ឯកឧត្តម PHAM ANH TUAN អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមវៀតណាម ក៏បានឯកភាពទាំងស្រុងចំពោះសំណូមពររបស់ភាគីកម្ពុជា ជុំវិញការងារផ្លាស់ប្ដូរគណៈប្រតិភូ និងការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីព័ត៌មានកម្ពុជា។ ដោយឡែក ពាក់ព័ន្ធនឹងបទពិសោធន៍ការងាររៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍SEAGAMES ភាគីវៀតណាម ក៏បានសន្យាជួយចែករំលែកបទពិសោធន៍ដែលធ្លាប់មានកន្លងមកទាំងផ្នែកបច្ចេកទេស និងធនធានមនុស្ស ជាមួយកម្ពុជា សម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍SEAGAMES នាឆ្នាំ២០២៣ខាងមុខនេះ។ លើសពីនេះទៀត ឯកឧត្តមអនុរដ្ឋមន្រ្តីព័ត៌មានវៀតណាម ក៏បានសន្យានឹងពិនិត្យលទ្ធភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ឌីជីថលភាវូបនីយកម្មក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយជូនមន្រ្តីក្រសួងព័ត៌មានផងដែរ ដោយសារបច្ចុប្បន្នប្រទេសវៀតណាមក៏កំពុងធ្វើការបណ្ដុះបណ្ដាលមន្រ្តីឌីជីថលប្រមាណពី ៣០០០ ទៅ ៥០០០ នាក់ ព្រោះថាការផ្លាស់ប្ដូរប្រព័ន្ធទៅជាឌីជីថលទៅបានដោយជោគជ័យគឺអាស្រ័យទៅលើកត្តាធនធានមនុស្សជាចំបង។
នៅចុងបញ្ចប់នៃជំនួបពិភាក្សាការងារ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានទាំងពីរបានឯកភាព និងបង្ហាញនូវគោលជំហរស្របគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសគឺនឹងរៀបចំរបាយការណ៍ជូនរដ្ឋមន្រ្តីព័ត៌មាន។

(#អត្ថបទ​និងរូបភាព៖ ជ្រីម ឆេងលីម)

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *