នេះជារូបភាពអគារញ័រខ្លាំងអំឡុងពេលរញ្ជួយដីនៅជប៉ុន ខណៈជប៉ុនចេញការប្រកាសអាសន្នរលកយក្សស៊ូណាមិជាបន្តបន្ទាប់..

នេះជារូបភាពអគារញ័រខ្លាំងអំឡុងពេលរញ្ជួយដីនៅជប៉ុន ខណៈជប៉ុនចេញការប្រកាសអាសន្នរលកយក្សស៊ូណាមិជាបន្តបន្ទាប់
———-
ប្រទេសជប៉ុនបានចេញសេចក្តីប្រកាសអាសន្នពីរលកយក្សស៊ូណាមិកម្រិតខ្ពស់បំផុតរបស់ខ្លួនបន្ទាប់ពីបានចេញផ្សាយហេតុការណ៍គ្រោះរញ្ជួយដីកម្រិតធ្ងន់ផ្ទួនៗជាបន្តបន្ទាប់កាលពីថ្ងៃចន្ទម្សិលមិញ និងបានប្រកាសប្រាប់ក្រុមអ្នកស្រុកដែលរស់នៅជុំវិញតំបន់ឆ្នេរ កុំឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសាររលកសមុទ្រនឹងបោកបក់ខ្លាំងអាចកើតមានគ្រប់ពេលទាំងអស់។
ហេតុការគ្រោះរញ្ជួយដីដ៏ធំបំផុតសម្រាប់ប្រទេសជប៉ុនក្នុងកម្រិត 7.6 រ៉ិចទ័រ បានចាប់ផ្ដើមដោយបង្ករឲ្យមានភ្លើងឆាបឆេះ និងដូលរលំអគារនៅតាមឆ្នេរសមុទ្រភាគខាងលិចនៃកោះសំខាន់របស់ប្រទេសជប៉ុនគឺកោះ Honshu ។ មកដល់ពេលនេះអាជ្ញាធរមិនទាន់អាចបញ្ជាក់បានថាតើមនុស្សប៉ុន្មាននាក់ត្រូវបានស្លាប់ឬរងរបួសនោះទេ។ ចំនើកទីភ្នាក់ងារឧតុនិយមជប៉ុនបានរាយការណ៍ថាហេតុការណ៍គ្រោះរញ្ជួយដីកាលពីម្សិលមិញនៅប្រទេសជប៉ុនគឺកើតឡើងច្រើនជាង10ដង នៅតំបន់សមុទ្រជប៉ុនចាប់ពីតំបន់ឆ្នេរសមុទ្រ Ishikawa និងខេត្តក្បែរខាងនោះភ្លាមៗបន្ទាប់ពីម៉ោង 4 រសៀលតទៅ។ ទន្ទឹមនឹងនេះដែរអ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshimasa Hayashi បាននិយាយថាយ៉ាងហោចណាស់ផ្ទះចំនួន៦ខ្នងត្រូវបានខូចខាតទាំងស្រុងដោយសារភាពរញ្ជួយខ្លាំង ដែលធ្វើឲ្យមនុស្សមួយចំនួនជាប់នៅខាងក្នុងផ្ទះរបស់ពួកគេផងដែរ។ លោកបាននិយាយថាបន្ទាប់មកក៏មានភ្លើងបានឆាបឆេះនៅក្នុងទីក្រុង Wajima ខេត្ត Ishikawa ហើយថាមពលអគ្គិសនីបានដាច់រលត់នៅតាមខ្នងផ្ទះជាង 30,000 គ្រួសារផងដែរ។
ដំបូងឡើយទីភ្នាក់ងារនេះបានចេញការប្រកាសអំពីរលកយក្សស៊ូណាមិកម្រិតទាបលើខេត្ត Ishikawa និងមានកម្រិតខ្ពស់បន្តបន្ទាប់ៗ ព្រមទាំងបានណែនាំអំពីរលកយក្សស៊ូណាមិកម្រិតទាបសម្រាប់តំបន់ដែលនៅក្បែរខាងកន្លែងរញ្ជួយនាសមុទ្រភាគខាងលិចនៃកោះ Honshu ក៏ដូចជាភាគខាងជើងបំផុតនៃកោះសំខាន់របស់ខ្លួនគឺ Hokkaido ថែមទៀតផង។ មិនយូរប៉ុន្មានចំណាត់ថ្នាក់កម្រិតទាបនៃរលកយក្សស៊ូណាមិធម្មតាបានកើតឡើងប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីការប្រកាសពិតមែន ដែលមានន័យថាទឹកសមុទ្រ រលកសមុទ្រនឹងហក់ឡើងដល់ទៅ៣ម៉ែត្រឬ(១០ហ្វីត)។ អាជ្ញាធរជប៉ុនក៏បានបញ្ជាក់បន្ថែមថាហេតុការរញ្ជួយដីនេះក៏អាចវាយលុកតំបន់ដដែលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀតដែរ គឺវាមិនស្រាកស្រាន្តភ្លាមៗទេ។ ទូរទស្សន៍ NHK TV របស់ជប៉ុនដំបូងឡើយបានប្រាប់ថាកំពស់ទឹកអាចហក់ឡើងដល់កម្ពស់5ម៉ែត្រឬ (16.5 ហ្វីត) ហើយរលកយក្សស៊ូណាមិអាចបន្តត្រឡប់មកវិញដែរ ស្របពេលដែលកំពុងបន្តផ្សព្វផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីព័ត៌មានប្រកាសអាសន្នដំបូងផងដែរ។ សូមបញ្ជាក់ហេតុការគ្រោះរញ្ជួយដីតែងតែកើតឡើងជាច្រើនដងនិងកក្រើកក្នុងតំបន់នេះ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *