លោកបណ្ឌិត ទូច វណ្ណៈ បង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤
ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានបង្ហាញអារម្មណ៍របស់ខ្លួន ចំពោះការដកខ្លួនរបស់ក្លិបបាល់ទាត់ វិសាខា ពីពានរង្វាន់នានាដែលនៅសេសសល់ក្នុងរដូវកាល ២០២៣-២៤ តាមផេកផ្លូវការរបស់លោក នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ “ក្លិបបាល់ទាត់ វិសាខា ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាល បានប្រកាសដកខ្លួនចេញពីគ្រប់ពានរង្វាន់ដែលនៅសេសសល់ ក្នុងរដូវកាលឆ្នាំ២០២៣-២៤ នេះ ក្នុងនោះមានពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League (លីគទី១ និងលីគទី២) និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមការជូនដំណឹងតាមផ្លូវការរបស់ក្លិប នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។
ក្លិបវិសាខា បានបង្ហាញពីភាពចាស់ទុំ និងប្រកដប្រជារបស់ខ្លួនក្នុងនាមជាក្រុមអាជីពមួយ ដោយមិនវាយប្រហារទៅលើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលជាសាធារណៈ ឬលើបណ្តាញសង្គម ឱ្យតែបានលឺតែសម្លេងនោះឡើយ ពោលគឺក្លិប វិសាខា បានស្នើសុំតាមបែបបទរដ្ឋបាលត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់នៅត្រង់ចំណុចនាទី ទី១៨ នៃប្រកួតជើងទី១ ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០២៣-២៤ នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ លើទីលានកីឡដ្ឋានព្រីនស៍។
រឿងពិតមិនអាចប្រកែកបាននោះ ក្លិបបាល់ទាត់ វិសាខា បានចូលរួមចំណែកជាមួយប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិ ជាច្រើនលើកច្រើនសារ ទាំងដោយប្រយោល និងផ្ទាល់។ ក្រុម វិសាខា តែងតែបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា តាមរយៈការកោះហៅពីសំណាក់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាពេលប្រមូលផ្ដុំប្រកួតលើឆាកអន្តរជាតិម្តងៗ។ ដោយឡែកកីឡដ្ឋានព្រីនស៍របស់ក្លិប វិសាខា ធ្លាប់រួមចំណែកទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើងឯកយុវជនតំបន់អាស៊ាន (U23) និងពេលដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ កន្លងទៅផងដែរ។
ក្នុងនាមជាក្រុមថ្មីថ្មោង វិសាខា ធ្លាប់ឈរជាក្រុមជើងឯករងពានរង្វាន់លីគកំពូលកម្ពុជា ២សម័យកាល គឺនៅឆ្នាំ២០១៩ និង២០២២ ខណៈជាក្រុមឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់ៗគ្នាគឺនៅឆ្នាំ២០២០, ២០២១, ២០២២ ព្រមទាំងធ្លាប់រងជើងឯកពានរង្វាន់ Cambodian Super Cup នៅឆ្នាំ២០២២ និង ២០២៣ និងរងជើងឯកពានរង្វាន់ Cambodian League Cup ឆ្នាំ២០២២ ទៀតផង។
លើសពីនេះទៅទៀត ក្រុមវិសាខា ធ្លាប់តំណាងឱ្យកម្ពុជា ចូលប្រកួតពានរង្វាន់ទ្វីបអាស៊ី AFC Cup នៅឆ្នាំ២០២២ កន្លងទៅ តែនៅឆ្នាំ២០២១ ក្រុមនេះក៏ជាបេក្ខភាពដែលត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី រំសាយដោយសារតែស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
ទោះបីក្លិប វិសាខា បានសាងស្នាដៃជាច្រើន ទាំងក្នុង និងក្រៅប្រទេសក្តី ក៏ក្លិបនេះនៅមិនបញ្ចប់ការខិតខំប្រឹងប្រែងរបស់ខ្លួនត្រឹមការកសាងពហុកីឡដ្ឋានទំនើប បណ្តុះយុវជនគ្រប់កម្រិត និងក្រុមនារី បណ្តុះបណ្តាលធនធានគ្រូបង្វឹកនោះទេ ជាងនេះទៅទៀត ក្លិបកំពុងតែដំណើរការសាងសង់មជ្ឍមណ្ឌល Visakha Dream ដែលជាកន្លែងចាំបាច់សម្រាប់ក្លិបបាល់ទាត់អាជីព និងមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។
ជាការកត់សម្គាល់ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា ប្រកាសដកខ្លួនក្នុងពានរង្វាន់នានាដែលនៅសេសសល់ ក៏ឃើញមានការលើកទឹកចិត្ត និងសម្តែងការសោកស្តាយពីបណ្តាអ្នកគាំទ្រ ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្លិបបាល់ទាត់មួយចំនួន ចំពោះការដកខ្លួនរបស់ក្លិបដ៏ធំនេះ។ ជាមួយគ្នានោះ ក៏មានអ្នកចំអកពេបជ្រាយ ទាំងមិនបានដឹង និងយល់ពីស្ថានភាពពិតប្រាកដ រុញឱ្យស្ថានការណ៍កាន់តែតានតឹងឡើងផងដែរ។
ក្នុងនាមពលរដ្ឋខ្មែរ ១រូប ខ្ញុំយល់ពីអារម្មណ៍របស់លោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់ វិសាខា ចំពោះការសម្រេចចិត្តដ៏លំបាកមួយនេះ ហើយខ្ញុំក៏យល់ពីការបកស្រាយរបស់កញ្ញា អ៊ូ បញ្ញាសុកិត្យា ដែលបានលើកឡើងជុំវិញពាក្យថា«ទឹកចិត្តអ្នកកីឡា» ក្នុងគ្រាដែលអ្នកធ្វើខុស តែអ្នកមិនធ្វើសប្បាយមើល ទាំងគ្មានការចំណេញ ត្រឡប់មកវិញ។ ក្នុងនោះក៏សូមអរគុណដល់លោក ហុក សុចិត្រា បានចេញមុខកាន់ជើងកីឡាករ ដែលមានការចោទប្រកាន់បង្វែរស្ថានការណ៍។
ក្នុងនាមជាអ្នកស្រលាញ់ចូលចិត្តកីឡាជាតិម្នាក់ ខ្ញុំសូមឱ្យអ្នកគាំទ្រពិតប្រាកដ រង់ចាំព័ត៌មានបន្ថែមថ្មីៗពីក្លិបជាបន្តបន្ទាប់”៕