ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូ ស្ដាប់បទបង្ហាញពាក់ព័ន្ធវិស័យសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈ
…………………
សហព័ន្ធស្វីស ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី «ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន។
ជុំវិញប្រធានបទស្ដីពី ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕