ប្រភពពី AKP បានឱ្យដឹងថា ដោយពិនិត្យឃើញពីគុណតម្លៃ និងរាល់ស្នាដៃការងារដែល ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងបំពេញ និងសម្រេចបានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ពិសេសនៅក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ ទើបសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន (Rajamangala University of Technology Phra Nakhon – RMUTP) បានសម្រេចផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មាន មនុស្សសាស្ត្រ និងសង្គមសាស្ត្រ ជូនដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ហើយការទទួលបាននេះ ត្រូវបានប្រទានដោយផ្ទាល់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃឡង់ដ៍ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន (Rajamangala University of Technology Phra Nakhon – RMUTP) ក្នុងខេត្តផាធុមថានី ប្រទេសថៃ។
សញ្ញាបត្របណ្ឌិតកិត្តិយសនេះ គឺជាការទទួលស្គាល់របស់សាកលវិទ្យាល័យ ចំពោះឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានបំពេញការងារជាយូរឆ្នាំកន្លងមក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការនាំយកសន្តិភាព ការផ្សះផ្សាជាតិ និងស្ថិរភាពនយោបាយ តាមរយៈការប្រើប្រាស់សិល្បៈនៃការផ្សព្វផ្សាយព័ត៌មាន និងការទំនាក់ទំនងនយោបាយ ព្រមទាំងសមិទ្ធផលជាច្រើនទៀត នៅប្រទេសកម្ពុជា។ ក្រោមការដឹកនាំរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឱ្យយល់កាន់តែច្បាស់អំពីសក្តានុពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រើប្រាស់ឱ្យមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្ដែងនូវអំណរគុណចំពោះសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានផ្តល់នូវសញ្ញាបត្របណ្ឌិតកិត្តិយសជូននាក្នុងឱកាសនេះ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីប្រទេសកម្ពុជា និងការស្វែងយល់ពីយើងទាំងអស់គ្នា ក្នុងការប្រឹងប្រែងកសាងនូវចំណេះដឹងជូនប្រជាពលរដ្ឋ ក៏ដូចជាការកសាង ចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៍។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សញ្ញាបត្របណ្ឌិតកិត្តិយស ដែលឯកឧត្តមរដ្ឋមន្ត្រី ទទួលបាននាពេលនេះ ក៏ជាការចូលរួមប្រឹងប្រែងពីសហការីទាំងអស់ដែលកន្លងមកនេះ បានរួមសហការគ្នាក្នុងការចូលរួមកសាងជាតិ និងមាតុភូមិកម្ពុជា។
លោកបណ្ឌិត សាត ដារ៉ា អតីតនិស្សិតខ្មែររៀននៅសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន ដែលបានធ្វើកិច្ចការងាររហូតបានសម្រេច ឈានដល់មានការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសជូន ឯកឧត្តម ខៀវ កាញារីទ្ធ ពីសាកលវិទ្យាល័យ នៅថ្ងៃនេះ បានបញ្ជាក់ថា ការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសគឺដោយសារភាគីថៃបានមើលឃើញនូវគុណសម្បត្តិសំខាន់ៗចំនួន ០៥ របស់ ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ រួមមាន៖
លក្ខណៈសម្បត្តិ ទី១៖ មើលទៅលើសម្ព័ន្ធភាពក្នុងការចុះធ្វើការតស៊ូមតិ ដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ នៅលើខ្សែបន្ទាត់ព្រំដែន នៅក្នុងជំនួបពិភាក្សាទាំងក្នុង និងក្រៅប្រទេស។
លក្ខណៈសម្បត្តិ ទី២៖ ការព្យាយាម ធ្វើទំនាក់ទំនងនូវរាល់វិបត្តិដែលកើតមានឡើងផ្នែកនយោបាយនៅក្នុងស្រុក ក៏ដូចជាមួយភាគីថៃ ដោយបានជួយកាត់បន្ថយ និងនាំឱ្យមានការឯកភាពគ្នា។
លក្ខណៈសម្បត្តិ ទី៣៖ ឯកឧត្តម ខៀវ កាញារីទ្ធ មានវីរភាពក្នុងកិច្ចការពង្រឹងខាងផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ឱ្យមានលក្ខណៈល្អប្រសើរ។
លក្ខណៈសម្បត្តិ ទី៤៖ ឯកឧត្តមរដ្ឋមន្ត្រី ជាមនុស្សដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានទំនុកចិត្ត និងមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន បានដោយរលូន និងមានលទ្ធផលល្អ។
លក្ខណៈសម្បត្តិ ទី៥៖ ឯកឧត្តមរដ្ឋមន្ត្រី ជាមនុស្សដែលមានចិត្តមេត្តាធម៌ តែងតែជួយចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដល់ប្រជាពលរដ្ឋ ជាពិសេស ជនពិការ ជនក្រីក្រ និងប្រជាជនដែលជួបគ្រោះមហន្តរាយ រួមទាំងការជួយបរិច្ចាគ ជួយមន្ទីរពេទ្យរដ្ឋដែលនៅទីដាច់ស្រយាល និងដើម្បីជួយទ្រទ្រង់ព្រះពុទ្ធសាសនា៕/