សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ ឥនៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២២:៣០ យប់(ម៉ោងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ៥:៣០នាទីរសៀល(ម៉ោងនៅទីក្រុង Zurich ប្រទេសស្វីស) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហគមន៍អឺរ៉ុបប្រមាណ២១០០នាក់។មុននឹងចាប់ផ្ដើមសំណេះសំណាលជាមួយបងប្អូនខ្មែរនៅសហគមន៍អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនដល់ប្រជាពលរដ្ឋខ្មែរអស់ដែលបាននឹងកំពុងរស់នៅនៅអឺរ៉ុប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ដែលបានផ្តល់ការគាំទ្រ គោរពស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ត្រូវបានរងដោយវិបត្តិនៃជំងឺកូវីដ១៩ ដែលបានទាញទម្លាក់រហូតដល់ដក ២.៤ភាគរយ។ ទាក់ទងទៅនឹងស្ថានភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា សម្ដេចតេជោបានប្រកាសថា នៅថ្ងៃនេះកម្ពុជាមិនមានការឆ្លងករណីថ្មីនៃជំងឺកូវីដ១៩នោះទេ ហើយនេះគឺជាថ្ងៃទី១៥ហើយ ដែលកម្ពុជាមិនមានឆ្លងជំងឺកូវីដ១៩ថ្មី ។សម្តេចតេជោ បានថ្លែងថា បើគ្មានជំងឺកូវីដ១៩ទេនោះ ប្រាក់សន្សំរបស់ជាតិ អាចឡើងដល់៥ពាន់លានដុល្លារអាមេរិកឯណោះ។ វិបត្តិកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យសេវាកម្ម ពោលគឺវិស័យទេសចរណ៍គឺរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍រំលឹកថា ការដាក់ចេញវិធានការបិទខ្ទប់នៅភ្នំពេញ និងផ្អាកពិធីបុណ្យចូលឆ្នាំ ២ឆ្នាំកន្លងទៅ(២០២០និង២០២១) ធ្វើឱ្យសម្តេចអាណិតប្រជាពលរដ្ឋជាខ្លាំង តែសម្ដេចអត់មានជម្រើសនោះទេ ដើម្បីសេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា កម្ពុជាទទួលបានវ៉ាក់សាំងក្នុងដៃសរុបប្រមាណ ៥២លានដូស ហើយ ៤២លានដូសត្រូវបានប្រើប្រាស់ ក្នុងនោះមាន ២៨.៥លានដូស គឺកម្ពុជាប្រើប្រាស់ថវិកាជាតិទៅទិញ ដែលនេះបង្ហាញថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩នោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការដាក់ចេញកម្មវិធីចាក់វ៉ាក់សាំងដោយការប្រមូលផ្តុំនេះ បាននាំឱ្យកម្ពុជាបង្កើតបានភាពសាំសហគមន៍ខ្លាំង និងទប់ស្កាត់ការរីករាលដាលបានលឿនរហ័ស។
ពេលនេះ កម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះទេ។
បច្ចុប្បន្នកម្ពុជាកំពុងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ដែលអាចទទួលអ្នកជំងឺបានរហូតដល់ ១ម៉ឺននាក់។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា
វិបត្តិកូវីដ១៩ ធ្វើឱ្យរាជរដ្ឋាភិបាល បញ្ចេញថវិកាប្រមាណ ៤០លានដុល្លារក្នុងមួយខែ ដើម្បីជួយពលរដ្ឋដែលរងនូវផលប៉ះពាល់។
ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ចសម្តេចតេជោ ហ៊ុន សែន បានបានមានប្រសាសន៍ថា ការដក EBA ពីអឺរ៉ុប មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជានោះទេ។ សម្ដេចតេជោបញ្ជាក់ថា របាយការណ៍បានបង្ហាញថា ឆ្នាំកន្លងទៅកម្ពុជា ទំហំពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុប សម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជា នាំចេញទៅអឺរ៉ុប មានទឹកប្រាក់ជាង៣ពាន់លានដុល្លារ។ សម្តេចតេជោបានមានប្រសាសន៍ថា វិស័យកាត់ដេរកំពុងមានសកម្មភាពល្អប្រសើរ ខណៈការបញ្ជាទិញមានការកើនឡើង ក្នុងនោះរោងចក្រប្រមាណ ៥០០ កំពុងបង្កើនម៉ោងក្នុងការផលិតផងដែរ។
ទាក់ទងទៅនឹងដំណើរការបោះឆ្នោតនៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ថ្ងៃនេះកម្ពុជាបានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា វាជារឿងដ៏រីករាយ ដែលថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតមិនមានបាតុភាពណាមួយកើតឡើង។
សម្តេចតេជោក៏បានអំពាវនាវដល់គ្រប់បក្សនយោបាយ ត្រូវយកឈ្នះដោយភាពថ្លៃថ្នូរ មិនត្រូវបង្កើតអំពើហិង្សាណាមួយនោះឡើយក្នុងអំឡុងពេលឃោសនារកសំឡេងឆ្នោតនោះ។
ទាក់ទងទៅនឹងតម្លៃសន្តិភាពសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល២៤ឆ្នាំមកហើយ ដែលពលរដ្ឋកម្ពុជា មិនមានអ្នកស្លាប់ របួស និងពិការ ដោយសារការប្រយុទ្ធគ្នាព្រោះតែសង្គ្រាមនោះទេ។ សម្តេចតេជោបានថ្លែងថា ២៤ឆ្នាំហើយ ដែលកម្ពុជា មិនមានស្ត្រីមេម៉ាយ និងក្មេងកំព្រា ដោយសារតែសង្គ្រាម និងមិនមានប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមនោះទេ។ សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃជាច្រើន ទម្រាំយើងរកបាននូវសន្តិភាព ដូច្នេះទោះជាតម្លៃណាក៏ដោយយើងត្រូវតែរក្សាសន្តិភាពអោយបាន មានសន្តិភាព ទើបមានការអភិវឌ្ឍ។
ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបទាំងអស់ដែលបានផ្ដល់ការគោរពស្រឡាញ់ចំពោះសម្ដេច និងជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនចៀសផុតពីជម្ងឺទាំងឡាយទាំងពួង នឹងពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕