ខ្មែរ​អាច​ធ្វើបាន ៖ “​ផលិត​បាន​បំពង់​បឺត​ប្រភេទ​ថ្មី ដែល​អាច​ញ៉ាំ​បានក្រោយ​ប្រើប្រាស់​រួច !”

យោង​តាម​ការចុះផ្សាយ​ទាំងស្រុង​របស់ Sabay បានឱ្យដឹងថា ដើម្បី​ដោះស្រាយ​ការបំពុល​ដោយ​ប្លា​ស្ទិក ក្រុមហ៊ុន TK & DManufacturing ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​ដ៏​ប៉ិនប្រសប់ គឺ​បំពង់​បឺត​ផលិត​ពី​អង្ករ ដែល​ផលិតផល​ថ្មី​នេះ គឺ​អាច​ទទួល​ទាន​បាន​តែ​ម្ដង ក្រោយពេល​ប្រើប្រាស់​រួច ។​

​នេះ​គឺជា​ផលិតផល​ដែល​ផលិត​ចេញពី​អង្ករ​ធម្មជាតិ និង​ម្សៅ​ផ្លែ​ឈើ​ទាំង​ស្រុង ហើយ​វា​ត្រៀម​ចូលខ្លួន​មក​ជំនួស​បំពង់​បឺ​តប្លា​ស្ទិក ដែល​មាន​ជាតិពុល​និង​ផ្ដល់​ផលប៉ះពាល់​ដល់​បរិស្ថាន ។​

​លោក ហួរ រិទ្ធី សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន បាន​និយាយថា ការ​សិក្សា​ដែល​ធ្វើឡើង​ដោយ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) បាន​សន្និដ្ឋានថា មានតែ​បំពង់​បឺត ដែល​ផលិត​ពី​អង្ករ​ប៉ុណ្ណោះ ដែល​អាច​ជំនួស​បំពង់​បឺ​តប្លា​ស្ទិក​ធម្មតា​បាន ព្រោះ​វា​ជួយ​ដល់​បរិស្ថាន​និង​លើកកម្ពស់​សុខភាព ។​

“​ថ្មីៗ​នេះ ខាង UNDP បាន​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​មួយ អំពី​ការស្វែងរក​ផលិតផល​មក​ជំនួស​ផលិតផល​ប្លា​ស្ទិច ។ ចឹង យោង​ទៅ​តាម​ការស្រាវជ្រាវ​របស់​ខាង UNDP និង​តាម​ការពិនិត្យ​ជាក់ស្តែង គឺមាន​តែ​បំពង់​បឺត​ផលិត​ពី​អង្គរ​នេះ​ទេ ដែល​អាច​មក​ជំនួយ​ផលិតផល​ប្លា​ស្ទិក​បាន ដែល​ផលិតផល​មួយ​នេះ មិន​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាន​” ។ លោក ហួរ រិទ្ធី ថ្លែង ។​

​ដើម្បី​ផលិត​បាន​បំពង់​បឺត​សរីរាង្គ​នេះ គេ​ត្រូវការ​វត្ថុធាតុដើម ២ ប្រភេទ ដែល​មាន​ដូចជា​ម្ស៉ៅ​អង្ករ និង​សារធាតុ​បង្កើត​ពណ៌ ដែល​ក្នុងនោះ យើង​យក​ផ្លែឈើ​មួយ​ចំនួន​មក​ផលិត​ទៅ​ជា​ម្ស៉ៅ ដែល​មាន​ដូច​ជា​ផ្លែ​ចេក​ដំឡូង​ផ្លែស្វាយ​ត្រាវ និង​គ្រាប់​កាហ្វេ ។ គម្រោង​នេះ បាន​ទទួល​ការ​សាទរ​ខ្លាំង​ពី​គណៈ​ដឹកនាំ​រដ្ឋបាល​ខេត្ត​ពោធិសាត់ ។​

​លោក ចេង ឡៃ អភិបាលរង​ខេត្ត បាន​លើកឡើង​ថា “​ខ្ញុំ ចាប់អារម្មណ៍​ខ្លាំង ព្រោះ​ថា​យើង​អាច​ញុំ​ា​បាន បន្ទាប់​ពី​ប្រើប្រាស់​រួច​ហើយ កន្លង​មក​ការប្រើប្រាស់​បំពង់​បឺត​ជ័រ នៅពេល​ប្រើ​រួច អ្នក​ប្រើ​បោះចោល ចឹង​វា​បណ្តាល​ឱ្យ​ប៉ះពាល​ដល់​បរិស្ថាន ប៉ុន្តែ​សម្រាប់​បំពង់​បឺត​នេះ វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នោះទេ ប្រសិន​ជា​យើង​បោះចោល វា​អាច​ក្លាយទៅជា​ជីធម្មជាតិ​ថែម​ទៀត​។​”

​តាម​លោក ហួរ រិទ្ធី សព្វថ្ងៃនេះ ការប្រើប្រាស់​បំពង់​បឺត​ជ័រ គឺ​រាប់លាន​ក្នុង​មួយ​ថ្ងៃ ចឹង​វា​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន ។ ដូច្នេះ​ប្រសិន​អ្នកប្រើប្រាស់​ផ្លាស់ប្តូរ​ទម្លាប់​មក​ប្រើ​បំពង់​បឺត​ផលិត​ពី​អង្ករ​វិញ​នោះ យើង​អាច​ចូលរួម​ជួយ​ដល់​បរិស្ថាន​យើង​ពិត​ប្រាកដ​ណាស់ ។ យ៉ាងណា​លោក​ថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​បាន​ងាក​មក​គិត​ពី​បរិស្ថាន​និង​សុខភាព ដូច្នេះ​ហើយ​បំពង់​បឺត​ផលិត​ពី​អង្ករ​នេះ បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការពេញនិយម​បណ្ដើរៗ​ហើយ ។​

“​សព្វថ្ងៃ ទីផ្សារ​របស់​ផលិតផល​យើង គឺ​មាន​ការពេញនិយម​ណាស់​យើង​បាន​ចែកចាយ​ស្ទើរតែ​គ្រប់​តំបន់​ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​យើង​កំពុង​ធ្វើ​ការផ្សព្វផ្សាយ​ជា​បណ្តើរៗ ។ មិន​ត្រឹមតែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ សូម្បី​បរទេស ដូចជា​ប្រទេស​អូស្ត្រាលី អា​មេ​រិច និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ក៏​គាំទ្រ​ផលិតផល​របស់​យើង​ផងដែរ ។​”

​ទោះយ៉ាងណា សមាជិក​ក្រុមប្រឹក្សាភិបាល​ដដែល​បញ្ជាក់ថា បច្ចុប្បន្ន​គម្រោង​មួយ​នេះ ក៏​មាន​ឧបសគ្គ​ខ្លះ​ដែរ​នោះ គឺពាក់ព័ន្ធ​នឹង​តម្លៃ​អគ្គីសនី ។ ដូច្នេះហើយ TK & D ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​មេត្តា​ជួយ​សម្រួល​តម្លៃ​អគ្គីសនី​ឱ្យមាន​តម្លៃ​ទាប​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​ផលិត​បាន​នូវ​ផលិតផល​មួយ​ដែល​មាន​ថ្លៃដើម​ទាប អំណោយផល​សម្រាប់​ការប្រកួតប្រជែង​ជាមួយ​ផលិតផល​ប្លា​ស្ទិច ។​

​ក្រៅពីនេះ សង្វាក់​ផលិតកម្ម​ក៏​នឹង​ប្រឈម​បញ្ហា​មួយ​ផ្សេង​ទៀត គឺ​ការ​នាំចូល​វត្ថុធាតុដើម​ពី​បរទេស ដែល​ធ្វើឲ្យ​តម្លៃ​ដើម​ផលិតផល​នៅ​ខ្ពស់ ។ ប៉ុន្តែ​លោក រិទ្ធី ថា បញ្ហា​នេះ ខាង​សហគ្រាស​កំពុង​រៀបចំ​គម្រោង​ក្នុង​ការតម្លើង​ម៉ាស៊ីនផលិត​វត្ថុធាតុដើ​ម ហើយ​ដែល​គម្រោង​នេះ អាច​នឹង​ជួយ​ដល់​ប្រជាកសិករ​ក្នុង​តំបន់​ឱ្យមាន​ជីវភាព​មួយ​ល្អ​ប្រសើរ តាមរយៈ​ការផ្គត់ផ្គង់​វត្ថុធាតុដើម​មកកាន់​សហគ្រាស​របស់​លោក​៕

​អត្ថបទ ៖ ទារិកា​
​រូបភាព ៖ Sabay

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *